Development

Development in Cambodia

យន្តការ​គាំទ្រ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ ខែសីហា 14, 2009

Filed under: ប្រព័ន្ធ​រដ្ឋបាល​មូលដ្ឋាន — vuthdevelop @ 10:28 ព្រឹក

អង្គភាព​រដ្ឋបាល​មូលដ្ឋាន​ខេត្ត ក្រុង​ដែល​មាន​តួនាទី​ជា​ជំនួយការ​ឲ្យ​អភិបាល​ខេត្ត ក្រុង​ក្នុង​ការអនុវត្ត​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោលនយោបាយ​វិមជ្ឍការ​នៅ​ក្នុង​ខេត្ត ក្រុង​របស់​ខ្លួន​ មាន​តួនាទី​ និង​ភារកិច្ច​គាំទ្រ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ដូច​ខាង​ក្រោម​៖

  • សម្របសម្រួល​ និង​សហការ​ជាមួយ​មន្ទីរ​កិច្ចការ​នារី​ខេត្ត ក្រុង មន្ទីរ អង្គភាព និង​ភ្នាក់ងារ​ពាក់ព័ន្ធ​នានា ដើម្បិ​អប់រំ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​ដល់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​
  • ទំនាក់​ទំនង និង​សហការ​ជាមួយ​នឹង​មន្ទីរ​អប់រំ យុវជន និង​កីឡា មន្ទីរ​សុខាភិបាល មន្ទីរ​អភិវឌ្ឍន៍​ជនបទ មន្ទីរ​កិច្ចការ​នារី មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រុង​និង​មន្ទីរ​វិស័យ​នានា​ក្នុង​ខេត្ត ក្រុង​ពាក់ព័ន្ធ​បញ្ហា និង​តម្រូវការ​របស់​នារី​និង​កុមារ​
  • ពង្រឹង​ទំនាក់ទំនង​រវាង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ ជាមួយ​ក្រុម​ប្រឹក្សាឃុំ សង្កាត់ និង​ជាមួយ​អ្នក​ផ្តល់​សេវា​សង្គម​នានា និង​សហគមន៍​
  • ផ្សព្វផ្សាយ​អំពី​ច្បាប់ គោលនយោបាយ​នានា​របស់​រដ្ឋ​ពាក់ព័ន្ធ​នារី និង​កុមារ​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ និង​អ្នក​សម្របសម្រួល​ខេត្ត ក្រុង​ ស្រុក​ខណ្ឌ
  • ធានា​ថា អ្នក​សម្របសម្រួល​ខេត្ត​ ក្រុង ស្រុក ខណ្ឌ ចូល​រួម​គាំទ្រ និង​ផ្តល់​យោបល់​ដក់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និង​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ ដើម្បី​លើក​កម្ពស់​ស្ថានភាព​សុខភាព អប់រំ កិច្ចការពារ និង​ការអភិវឌ្ឍ​កុមារ​តូច​ៗ
  • ធានា​ថា ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដាក់​បញ្ចូល​បញ្ហា​នារី និង​កុមារ​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ និង​បញ្ចូល​ក្នុង​របាយការណ៍​របស់​ខ្លួន
  • តាម​ដាន ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​នូវ​ការអនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​
  • បូក​សរុប និង​រៀបចំ​របាយការណ៍​ដែល​ទាក់ទង​នឹង​ឃុំ សង្កាត់ ដោយ​មាន​បញ្ជាក់​ច្បាស់លាស់​អំពី​ស្ថានភាព​នារី និង​កុមារ​ឲ្យ​បាន​ទៀងទាត់​តាម​ការកំណត់​។

មន្ទីរ​កិច្ចការ​នារី​ខេត្ត ក្រុង​នឹង​ចូល​រួម​ជួយ​កសាង​សមត្ថភាព​អ្នក​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ អំពី​ទស្សនទាន​យេនឌ័រ ការបញ្រ្ជាប​យេនឌ័រ និង​ការជម្រុញ​ឲ្យ​មាន​សមភាព​យេនឌ័រ​នៅ​ក្នុង​ឃុំ សង្កាត់​។

មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ក្រុង​នឹង​ជួយ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​នាយកសាលា ឬ​តំណាង​សាលា​ដែល​ជា​សមាជិក​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ក្នុង​ការអនុវត្ត​មុខងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។

មន្ទីរ​សុខាភិបាល​ខេត្ត ក្រុង​នឹង​ជួយ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ប្រធាន ឬ​តំណាង​មណ្ឌល​សុខភាព​ក្នុង​ឃុំ សង្កាត់ និង​មណ្ឌល​សុខភាព​ពាក់ព័ន្ធ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ ក្នុង​ការអនុវត្ត​មុខងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។

ស្នងការ​នគរបាល​ខេត្ត ក្រុង​នឹង​ជួយ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ប្រធាន ឬ​តំណាង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ សង្កាត់ ដែល​ជាសមាជិក​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ក្នុង​ការអនុវត្ត​មុខងារ​ឲ្យ​មាន​ប្រសិទ្ធភាព​។

សាលាស្រុក​ ខណ្ឌ​មាន​តួនាទី និង​ភារកិច្ច​គាំទ្រ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ក្នុង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​។ តួនាទី និង​ភារកិច្ច​ចម្បង​របស់​ស្រុក ខណ្ឌ គឺ​ការសម្របសម្រួល​កិច្ច​ប្រជុំ​ប្រចាំ​ត្រីមាស​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ ក្នុង​ស្រុក ខណ្ឌ​របស់​ខ្លួន​។

ការប្រជុំ​ប្រចាំ​ត្រីមាស​នៅ​ថ្នាក់​ស្រុក ខណ្ឌ​៖

ក). គោលបំណង៖ កិច្ចប្រជុំ​ប្រចាំ​ត្រី​មាស​នេះ មាន​គោលបំណង​ដើម្បី​ពិនិត្យ​មើល​អំពី​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់ និង​ផ្តល់​ការគាំទ្រ​នានា​។

ខ). អ្នក​ចូលរួម​៖ អ្នក​ចូល​រួម​ប្រជុំ​ប្រចាំ​ត្រី​មាស​នេះ រួម​មាន​៖

  • អភិបាល​ស្រុក ខណ្ឌ
  • ប្រធាន ឬ​មន្ត្រី​អង្គភាព​រដ្ឋបាល​មូលដ្ឋាន​ខេត្ត ក្រុង
  • ប្រធាន ឬ​តំណាង​ការិយាល័យ​កិច្ចការ​នារី​ស្រុក ខណ្ឌ
  • ប្រធាន​គណៈកម្មាធិការ​ទទួល​កិច្ចការ​នារី និង​កុមារ​ឃុំ​ សង្កាត់
  • សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់
  • ប្រធាន ឬ​តំណាង​ការិយាល័យ​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ស្រុក ខណ្ឌ

គ). ប្រធាន​អង្គប្រជុំ​៖ អភិបាល​ស្រុក ខណ្ឌ គឺ​ជា​ប្រធាន​អង្គប្រជុំ​ប្រចាំ​ត្រីមាស​នេះ​។

ឃ). អ្នក​កត់ត្រា​៖ ប្រធាន​អង្គប្រជុំ​ជ្រើសរើស​អ្នក​ចូលរួម​ប្រជុំ​ណា​ម្នាក់ ជា​អ្នក​កត់ត្រា​។

ង). រយៈពេល​៖ មួយ​ព្រឹក ឬ​មួយ​ល្ងាច (កន្លះ​ថ្ងៃ)

ច). របៀប​វារៈ ការប្រជុំ​ប្រចាំ​ត្រី​មាស​នេះ ត្រូវ​ផ្តោ​លើ​របៀប​វារៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  • ពិនិត្យ​មើល​កំណត់​ហេតុ​ប្រជុំ​លើក​មុន
  • រាយការណ៍ និង​ពិភាក្សា​លើ​ការអនុវត្ត​តួនាទី និង ភារកិច្ច​របស់​ គ.ក.ន.ក ប្រចាំ​ឃុំ សង្កាត់​នីមួយ​ៗ និង​បញ្ហា​ចម្បង​ៗ​ដែល​តម្រូវ​ឲ្យ​មាន​ការគាំទ្រ​និង​អន្តរាគមន៍​ពី​ថ្នាក់​ស្រុក ខណ្ឌ និង​ថ្នាក់​ខេត្ត ក្រុង
  • ផ្សព្វផ្សាយ​អំពី​គោលការណ៍​ណែនាំ ឬ​នីតិវិធី​ពាក់ព័ន្ធ​នឹ​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់ គ.ក.ន​.ក (បើ​មាន)
  • បូក​សរុប​អំពី​ចំណុច​សំខាន់​ៗ​ដែល​បាន​ឯកភាព និង​រៀបចំផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​បន្ត​
  • ផ្សេង​ៗ​។

ឆ). ដំណើរការ​ប្រជុំ

  • ប្រធាន​អង្គប្រជុំ​ពិនិត្យ​កំណត់​ហេតុ​ប្រជុំ​លើក​មុន​ម្តង​មួយ​ចំណុច​ៗ
  • ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​រាយការណ៍​អំពី​ការរីក​ចម្រើន​នៃ​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មាធិការ​របស់​ខ្លួន​
  • ផ្សព្វផ្សាយ​អំពី​គោលការណ៍​ណែនាំ ឬ​នីតិវិធី​ពាក់ព័ន្ធ​នឹ​ងការអនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​គណៈកម្មាធការ​ទទួល​បន្ទុក​កិច្ចការ​នារី និង​កុមារ​ឃុំ សង្កាត់​ (បើ​មាន)
  • ប្រធាន​អង្គប្រជុំ​ដឹកនាំ​ការពិភាក្សា សង្ខេប​ឡើង​វិញ​នូវ​ចំណុច​ដែល​បាន​ឯកភាព​គ្នា និង​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​បន្ត​។

ការចំណាយ​ក្នុង​ការប្រជុំ​ប្រចាំ​ត្រីមាស​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ​​ឃុំ សង្កាត់​នៅ​ថ្នាក់​ស្រុក​ ខណ្ឌ ត្រូវ​ប្រើប្រាស់​ថវិកា​របស់​គណៈកម្មាធិការ​ប្រិបត្តិ​នៃ​គណៈកម្មាធិការ​អភិវឌ្ឍន៍​បទ​ខេត្ត ក្រុង នៅ​ក្នុង​ផ្នែក​រដ្ឋបាល​មូលដ្ឋាន​។ នៅ​ឆ្នាំ ២០០៨ ស្រុក​ ខណ្ឌ​នីមួយ​ៗ​នឹង​មាន​ថវិកា​ចំនួន ៣០០ ដុល្លារ សម្រាប់​ចំណាយ​ទៅ​លើ​ការរៀបចំ​ប្រជុំ​ប្រចាំ​ត្រីមាស​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ សង្កាត់​នៅ​ថ្នាក់​ស្រុក​ ខណ្ឌ​ដូច​ជា​៖

  • អាហារ​សម្រន់ (០.៥​ ដុល្លារ/នាក់/ថ្ងៃ)
  • សម្ភារៈ​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ
  • ថត​ចម្លង​ឯកសារ​នានា​។
បញ្ជាក់ៈ ថ្លៃ​ធ្វើ​ដំណើរ និង​ប្រាក់​បេសកកម្ម​របស់​អ្នក​ចូលរួម​ប្រជុំ គឺ​ជា​បន្ទុក​ផ្ទាល់​របស់​អង្គភាព​សាមី​។

ប្រភព​៖

- ការអនុវត្ត​មុខងារ​របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចាការ​នារី និង​កុមារ​ឃុំ សង្កាត់

- THE FUNCTIONING OF COMMUNE COMITTEE FOR WOMEN AND CHILDREN

 

 
តាមដាន

Get every new post delivered to your Inbox.