Development

Development in Cambodia

តួ​នាទី និង​ភារកិច្ច​ជំនួយការ​មេ​ភូមិ ខែសីហា 10, 2009

Filed under: ប្រព័ន្ធ​រដ្ឋបាល​មូលដ្ឋាន — vuthdevelop @ 11:45 ព្រឹក

ជំនួយការ​មេ​ភូមិ មាន​តួ​នាទី​ និង​ភារកិច្ច​ដូច​ខាង​ក្រោម​នេះ​៖

  • អនុប្រធាន​ភូមិ ទទួល​ជំនួស​មេ​ភូមិ ក្នុង​ពេល​ដែល​មេ​ភូមិ​អវត្តមាន ដោយ​មាន​មូលហេតុ​ច្បាស់​លាស់ ដូច​ជា​ មាន​ជម្ងឺ ឬ​មាន​បេសកកម្ម​ចេញ​ក្រៅ​ឃុំ សង្កាត់​របស់​ខ្លួន លើស​ពី ១ ថ្ងៃ​។ ក្រៅ​ពី​នេះ អនុប្រធាន​ភូមិ ត្រូវ​ទទួល​ជួយ​មេ​ភូមិ​លើ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​ក្នុង​ភូមិ តាម​គម្រោង​ផែនការ​របស់​ឃុំ សង្កាត់
  • សមាជិក​ភូមិ ទទួល​ជួយ​ធ្វើ​ជា​លេខាធិការ​ឲ្យ​មេ​ភូមិ និង​ទទួល​ជួយ​មេភូមិ​លើ​ការងារ​ស្ថិតិ ការចុះ​បញ្ជី​ប្រជាពលរដ្ឋ និង​ការរក្សា​ទុក​ឯកសារ​នានា​របស់​ភូមិ​។

ក្រៅ​ពី​ការងារ​ខាង​លើ​នេះ មេ​ភូមិ​អាច​ធ្វើការ​បែងចែក ប្រគល់​ភារកិច្ច​ដល់​អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​តាម​ការចាំបាច់ និង​​ធ្វើ​សេចក្តី​រាយការណ៍​ជូន​មេឃុំ ចៅ​សង្កាត់​សាមី​។

មេ​ភូមិ អនុប្រធាន​ភូមិ​ និង​សមាជិក​ភូមិ​ត្រូវ​៖

  • ជូប​ប្រជុំ​គ្នា​យ៉ាង​តិច មួយ​ដង​ក្នុង​មួយ​ខែ
  • ធ្វើការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទៀងទាត់ ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​ខ្លួន​។
  • មាន​វត្តមាន​នៅ​ទី​កន្លែង​ដែល​បាន​កំណត់ ដើម្បី​ជួប​ប្រជាពលរដ្ឋ​។

ក្រៅ​ពី​ការជួប​ប្រាស្រ័យ​ជា​ទៀងទាត់ ជា​មួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ទី​កន្លែង​ដែល​បាន​កំណត់ មេ​ភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ អាច​នឹង​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​ខ្លួន​ជា​ប្រចាំ​តាម​ការចាំបាច់​។

ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ត្រូវ​ពិភាក្សា​ជា​មួយ​មេ​ភូមិ ដើម្បី​រៀប​ចំ​ឲ្យ​មាន​ទី​កន្លែង សម្រាប់​មេ​ភូមិ​ជួប​ប្រាស្រ័យ​ជាមួយ​មជ្ឍដ្ឋនានា​តាម​ភូមិ​នីមួយ​ៗ​។

ទី​កន្លែង​ធ្វើការងារ​នេះ អាច​ជា​ទីស្នាក់ការ​ភូមិ ចំពោះ​ភូមិ​ដែល​មាន​ទី​ស្នាក់ការ​។ ចំពោះ​ភូមិ​ដែល​គ្មាន​ទី​ស្នាក់ការ ត្រូវ​ពិភាក្សា​គ្នា ដើម្បី​រក​ទី​កន្លែង​សម​ស្រប​ណា​មួយ​ ដែល​អាច​ជា​៖

  • សាលារៀន
  • វត្តអារាម
  • វិហារ​សាសនា
  • អគារ​សាធារណៈ ឬ
  • គេហដ្ឋាន​ផ្ទាល់​របស់​មេ​ភូមិ​។

ការជ្រើសរើស​យក​ទី​កន្លែង​ណា​មួយ ត្រូវ​មាន​ការពិគ្រោះ​ពិភាក្សា​ឲ្យ​ឯកភាព​គ្នា​ពី​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មេ​ភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ហើយ​ត្រូវ​មាន​ការយល់​ព្រម​ជាមុន​ពី​ម្ចាស់​ទី​កន្លែង​ទាំង​នោះ​។

មេ​ភូមិ និង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​ផ្សព្វផ្សាយ​អំពី​ទី​កន្លែង​ធ្វើ​ការងារ​នោះ​ដល់​សាធារណជន​។

ទី​កន្លែង​ធ្វើការងារ​របស់​ភូមិ ត្រូវ​បើក​ទទួល​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។

ប្រភព​៖
ការជ្រើសរើស​មេ​ភូមិ​ និង​ជំនួយការ​មេភូមិ

 

បញ្ចេញមតិ